រឿងឡានបុកគ្នាឆេះខ្លោចម្នាក់បានក្លាយជារឿងខ្មោចជាប់បណ្តឹងហើយ
រាជធានីភ្នំពេញ៖ លោកមេធាវីពុធ ធាវី នៅថ្ងៃទី៩ វិច្ឆិកា នេះបានបាប់ឲ្យដឹងថា លោកជាមិត្តភក្តិលោកចន រតនា អតីតថៅកែភោជនីយដ្នានរតនាស្រីម៉ៅ ដែលជាម្ចាស់រថយន្តតូយ៉ូតាកាមរីស៊េរី២០១២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២W.២៦២៧ ត្រូវបាននាងសាន់ អេនណា យកទៅជិះបុកតូបអ្នកលក់ហ្គាសបណ្តាលឲ្យផ្ទុះឆេះរថយន្តខ្ទេច និងស្លាប់ខ្លួនទៀត កាលពីវេលាម៉ោង១២ និង៤៥នាទីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៨ វិច្ឆិកា នៅផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ ។
លោកមេធាវីពុធ ធាវី ឲ្យដឹងទៀតថា សាកសពនាងសាន់ អេនណា ត្រូវបានតម្កល់ទុកនៅឈាបនដ្ឋានវត្តទឹកថ្លាតាំងពីថ្ងៃកើតហេតុ នៅថ្ងៃទី១០ វិច្ឆិកា ម្តាយរបស់នាងនឹងជិះយន្តហោះពីប្រទេសថៃមកធ្វើបុណ្យបូជាហើយ ។
ស្របពេលនេះដែរលោកចន រតនា អាយុ៤៨ឆ្នាំ ជាម្ចាស់រថយន្តបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប្តឹងសពនាងសាន់ អេនណា ថា បានយករថយន្តរបស់លោកជិះទៅផឹកស៊ី និងធ្វើសកម្មភាពដេញបុកគ្នាបណ្តាលឲ្យឆេះខ្ទេច ។
តាមពាក្យបណ្តឹងរបស់លោកចន រតនា ដែលមានអាស័យដ្ឋានស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ២៨១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកដាក់ចូលទៅស្នងការនគរបាលរាជធានីភ្នំពេញរៀបរាប់ថា សុំប្តឹងពីឈ្មោះ សាន់ អេនណា (បច្ចុប្បន្នសព)ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងគូកន ពីបទយករថយន្តរបស់លោក(ចន រតនា)ពីកូនលោកឈ្មោះចន រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី១១ កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១៥ យកជិះទៅផឹកស៊ី និងធ្វើសកម្មភាពដេញបុកគ្នា បណ្តាលឲ្យឆេះរថយន្តរបស់លោកទាំងស្រុង ។
ក្នុងនាមម្ចាស់រថយន្តដូចមានភិនភាគខាងលើសូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ វិច្ឆិកា កូនបង្កើតរបស់លោក(ចន រតនា)ឈ្មោះចន រស្មី បានយករថយន្តទៅជិះជាមួយនាងសាន់ អេនណា ដែលជាសង្សាររហូតមកដេកនៅជាមួយគ្នាក្នុងផ្ទះរបស់លោក ។
លុះដល់ព្រឹកថ្ងៃទី៧ វិច្ឆិកា នាងសាន់ អេនណា បានខ្ចីសោរថយន្តពីឈ្មោះចន រស្មី ដោយប្រាប់ថា ទៅលេងផ្ទះម្តាយមីងនៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ ក្រោយពីនាងសាន់់ អេនណា យករថយន្តនោះទៅកូនប្រុសរបស់លោកបានសំរាកនៅផ្ទះរហូតដល់ម៉ោង៨យប់ថ្ងៃទី៧ វិច្ឆិកា ដដែលនោះ លោកបានយកកូនប្រុសឈ្មោះចន រស្មី ទៅគ្លីនិក វណ្ណ នីដា នៅម្តុំសន្ធរមុខ ដើម្បីពិនិត្យសុខភាពចាក់ថ្នាំ រួចក៏ត្រឡប់មកផ្ទះវិញ ។
ស្រាប់តែម៉ោងប្រហែល១រំលងអធ្រាត្រចូលថ្ងៃទី៨ វិច្ឆិកា ក្រុមគ្រួសារលោកបានទទួលទូរសព្ទ័ពីកូនថា រថយន្តរបស់លោកត្រូវឆេះខ្ទេចស្ថិតនៅលើដងផ្លូវជាតិលេខ៥ ម្តុំភោជនីយដ្ឋានមេគង្គ ក្នុងខណ្ឌឬស្សីកែវ ។ ពាក្យបណ្តឹងបន្តថា ពេលទទួលបានព័ត៌មានដូច្នោះក្រុមគ្រួសារលោក(ចន រតនា)ក៏ចេញទៅមើលហេតុការណ៍នោះទាំងយប់ឃើញរថយន្តកំពុងឆេះយ៉ាងដូច្នោះមែន និងបានឃើញសមត្ថកិច្ចកំពុងពន្លត់ ។
ដោយឃើញហេតុការណ៍ធ្ងន់ធ្ងរ និងរន្ធត់ពេកដែលនាងសាន់ អេនណា បានស្លាប់នៅក្នុងរថយន្តនោះផង លោកបាននាំក្រុមគ្រួសារ និងកូនប្រុសឈ្មោះចន រស្មី វិលត្រឡប់មកផ្ទះវិញ និងបានទៅផ្ទះម្តាយមីងសាន់ អេនណា ដើម្បីសាកសួរព័ត៌មានពីម្ចាស់ផ្ទះដែលបង្កើតកម្មវិធីផឹកស៊ីនោះ តើមានអ្នកណាខ្លះ និងប៉ុន្មាននាក់ ? ។ ប៉ុន្តែមិនត្រូវបានក្រុមគ្រួសារប្តី-ប្រពន្ធដែលចាត់ទុកថា ជាម្តាយមីងនាងសាន់ អេនណា មិនប្រាប់ទេគឺលាក់បាំងជិត ។
ដូច្នេះហេតុការណ៍ដ៏រន្ធត់នេះកូនប្រុសលោកឈ្មោះចន រស្មី មិនបាននៅក្នុងព្រឹត្តការណ៍នោះឡើយ គឺនាងសាន់ អេនណា ជាអ្នកយករថយន្តពីកូនប្រុសលោកថា ជិះទៅផ្ទះម្តាយមីង ទីបំផុតទៅផឹកស៊ីជាមួយគូកន និងធ្វើសកម្មភាពដេញបុកគ្នាបណ្តាលឲ្យឆេះរថយន្តនោះ ។
ក្នុងពាក្យបណ្តឹងចុងក្រោយបានសំណូមពរ ២ចំណុច ១-សុំឲ្យសមត្តកិច្ចវែកមុខរកឃាតករ ដែលបានបង្កសកម្មភាពធ្វើឲ្យរថយន្តឆេះខូចខាតទាំងស្រុង និងឈ្មោះសាន់ អេនណា ត្រូវស្លាប់ មកផ្តន្ទទោសតាមផ្លូវច្បាប់ ។ ២-សុំទាមទារសំណងពីជនល្មើសនូវតម្លៃរថយន្តជាទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក ។
លោកមេធាវីពុធ ធាវី ជាមិត្តភក្តិលោកចន រតនា បានឲ្យដឹងថា នាងសាន់ អេនណា ជានារីកំព្រាមានតែម្តាយអត់ឪពុក ហើយម្តាយនាងក៏មិននៅក្នុងស្រុកខ្មែរដែរ គឺគេមានប្តីក្រោយជាអ្នកបើកយន្តហោះ និងរស់នៅប្រទេសថៃ ។
នាងសាន់ អេនណា បានរៀនចេះដឹងជ្រៅជ្រះ និងចេះពិតប្រាកដដល់ទៅ៣ភាសា នាងស្នាក់នៅភ្នំពេញជាមួយម្តាយមីង ហើយកំពុងសិក្សាទៀតផង ។ សាន់ អេនណា ជាសង្សារ ក៏ថាបាន ជាប្តីប្រពន្ធក៏ថាបាន ជាមួយកូនធម៌របស់លោកឈ្មោះចន រស្មី គ្រាន់តែមិនទាន់បានរៀបចំទុកដាក់តាមប្រពៃណី តែនឹងមានគំរោងរៀបការពួកគេនៅពេលខាងមុខនេះ ដោយទុកពេលឲ្យចន រស្មី រៀនចប់សិន រៀបការហើយឪពុករបស់គេនឹងឲ្យទៅរស់នៅជាមួយម្តាយឯប្រទេសថៃ ។
លោកមេធាវីបន្តថា ក្រោយពីនាងសាន់ អេនណា បានស្លាប់ក្នុងហេតុការណ៍គួឲ្យរន្ធត់នេះ និងសាកសពយកទៅតម្កល់នៅវត្តទឹកថ្លា ក្រុមគ្រួសាមិត្តភក្តិលោកបានជូនដំណឹងទៅម្តាយនាង និងបានយកចិត្តទុកដាក់ចេញប្រាក់ទិញក្តារមឈូសដាក់សាកសព រង់ចាំម្តាយនាងមកដល់ដើម្បីធ្វើបុណ្យបូជា ហើយម្តាយនាងក៏បានឆ្លើយតបវិញដែរថា គាត់នឹងឡើងយន្តហោះមកធ្វើបុណ្យបូជាកូននៅថ្ងៃទី១០ វិច្ឆិកា ។
លោកពុធ ធាវី បន្តថា ម្តាយនាងសាន់ អេនណា ឈ្មោះសៅ រិន អាយុ៣៩ឆ្នាំ ប្តីក្រោយនេះជាជនជាតិថៃ និងជាអ្នកបើកយន្តហោះចំបាំង ។ សាន់ អេនណា បើទោះបីជានារីកំព្រាឪពុកមានម្តាយ នាងធ្លាប់បានទៅសិក្សាដល់ប្រទេសជប៉ុន និងទើបមកប្រទេសខ្លួនវិញទៀតផង ។ ពេលនេះលោកចន រតនា ថ្មីត្បិតជាមិត្តភក្តិនឹងគ្នាមែន តែបានពឹងពាក់រូបលោកឲ្យធ្វើជាមេធាវីការពារក្តីក្នុងរឿងនេះ ដូច្នេះលោកនឹងចាត់ការតាមនីតិវិធីស្រាវជ្រាវរកឲ្យស.ខ្មៅ ដើម្បីយុត្តិធម៌សំរាប់អ្នកស្លាប់ និងជនរងគ្រោះជាម្ចាស់រថយន្ត៕